នឹកអ្នកមានគុណ
១- ផ្គរលាន់គគ្រឹកគេងនឹកមមៃ នឹកពុកម៉ែថ្លៃ្ឯឯស្រែចំការ
មិនដឹងជាសុខទុក្ខលោកយ៉ាងណា ចិត្តកូនសោការលឹកពេកក្រៃ។
២- គេងស្តាប់ស្នូរភ្លៀងស្រក់ហូរតក់ៗ ទឹកភ្នែកកូនស្រក់មកទាំងអាល័យ
កូនគេងមិនលក់ទេព្រះគុណថ្លៃ ចិត្តនឹកស្រម៉ៃដល់ថ្ងៃម្តាយផ្តាំ។
៣-កូនអើយពេលកូនឃ្លាតពីមាតា ស្វែងរកសិក្សាកូនត្រូវចងចាំ
ធ្វើជាមនុស្សល្អកុំបីសាំញុំា ស្តាប់ពាក្យម្តាយផ្តាំកូននឹងបានសុខ។
៤- កូនត្រូវខំរៀនកុំឈ្លក់វង្វេង នឹងស្រីស្រាល្បែងអបាយមុខ
អំពើទាំងនេះនាំអោយកូនទុក្ខ ញាតិផៅក្នុងស្រុកគេស្អប់គេខ្ពើម។
៥- កូនត្រូវចេះរៀបប្ញកពារអោយបានល្អ ពេលឃើញអ្នកក្រកុំធ្វើប្ញកឆ្នើម
កុំវាយប្ញកពារជាមនុស្សរអើម ត្រូវចេះផ្តួចផ្តើមពាក្យពេជន៍សមគួរ។
៦- រាប់អានមនុស្សល្អពិតមិនក្រភ័ព្វ មានញាតិច្រើនរាប់តាមផ្គាប់តាមផ្គួរ
ទៅណាមកណាគេរាក់ទាក់សួរ ញាតិមិត្តសមគួរកូនមិនព្រួយភ័យ។
៧- ឥរិយាទាំងបួនត្រូវខំហាត់ពត់ ស្រគំស្រគត់ទើបមានតំលៃ
ស្លូតបូតស្មោះត្រង់អំណត់ខន្តី ជីវិតកូនថ្លៃអាយុយឺនយូរ។
៨- ជីវិតកើតមករមែងជួបទុក្ខ បើចង់ស្រណុកត្រូវចេះគន់គូរ
កំចាត់ភាពខ្ជិលកំសាកមូទូ ក្លាហានតស៊ូគង់ឈ្នះឧបសគ្គ។
៩- កូនអ្ហើយមនុស្សល្អគេសំគាល់ត្រង់ ចរិយាផូរផង់មិនអប្បលក្ខណ៍
មិនកោងមិនកាចព្រហើនហួសថ្នាក់ ចេះស្គាល់ជ្រៅរាក់នូវទង្វើខ្លួន។
១០-អំពើមិនគាប់គួរកុំប្រព្រឹត្ត កូនត្រូវចេះគិតទៅតាមច្បាប់ក្បួន
ធ្វើល្អបានល្អគ្មានអ្នកគុំគួន កិតិ្តយសពេញខ្លួនណាកូនមាសម្តាយ។
១១-ម្តាយនឹងឪពុកសុខចិត្តលំបាក ស៊ូទ្រាំឥតស្រាកធ្វើការមិនណាយ
អោយតែកូនល្អពុកម៉ែមិនស្តាយ ទោះលំបាកកាយតែសប្បាយចិត្ត។
១២-សប្បាយចិត្តត្បិតម្តាយបានគិតថា នឹងមានវាសនាបានឃើញកូនពិត
មានចំណេះខ្ពស់ឈ្មោះជានិស្សិត ជួយគ្រួសារពិតនិងជាតិខេមរា។
១៣-បានស្តាប់ពាក្យម្តាយទូន្មានផ្តែផ្តាំ កូនកត់ចំណាំទុកក្នុងចិន្តា
សំពះលាម្តាយទាំងទឹកនេត្រា កូនលាហើយណាលោកអ្នកមានគុណ។
១៤-ពុកបានជូនពរអោយកូនសុខា ទៅចុះកូនណាកុំបីស៊យស៊ុន
ជួបតែសំណាងសាងជាទុន ផុតចាកទារុណទុរជនទោសពៃរ៍។
១៥-កូនស្ពាយកាបូបឡើងលើរថយន្ត ទាំងទុក្ខពេកពន់ពេញហរទ័យ
ព្រួយចិត្តអាណិតលោកទាំងពីរក្រៃ តទៅមុខថ្ងៃគ្មានអ្នកមើលថែ។
១៦-តែបានត្រឹមគិតមិនដឹងធ្វើម្តេច? មានតែប្រឹងធ្មេចខំគិតបង្វែរ
ក្នុងចិត្តគិតថាកូនឃ្លាតពុកម៉ែ ថ្ងៃក្រោយវិលថែពុកម៉ែផុតភ័យ។
១៧-រថយន្តបាននាំរូបកូនទៅឆ្ងាយ អោយឃ្លាតពុកម្តាយនៅឆ្ងាយទីទៃ
អើតតាមបង្អួតភ្នែកគួចរំពែរ៍ ឃើញម៉ែរាដៃនៅឆ្ងាយសន្លឹម។
១៨-ឥឡូវរូបកូនមករស់ឯកា ដេកផ្សងវាសនាចាំក្តីសង្ឃឹម
មានតែទឹកភ្នែកដូចភ្លៀងរលឹម ភ្លៀងផ្គរគ្រឹមៗគ្រហឹមជាមិត្ត។
១៩-តែពាក្យម្តាយផ្តាំកូនចាំគ្រប់ម៉ាត់ មិនដែលរលាត់ចេញពីដួងចិត្ត
កូនតែងអនុវត្តអោយដូចពាក្យពិត ដែលពុកម៉ែគិតចង់អោយកូនល្អ។
២០-ក្នុងនាមកូនប្រុសកូនសូមប្តេជ្ញា ស្រោចស្រង់គ្រួសារអោយរួចផុតក្រ
ជួយម៉ែជួយពុកអោយសុខបវរ ក្នុងនាមកូនល្អសូមប៉ងសងគុណ៕
ខាងក្រោមនេះជាអត្ថបទរបស់ព្រះតេជគុណ សា ចាន់រ៉ាត់ ដែលផ្ញើរមកឲ្យចុះផ្សាយ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៣ លេខទូរស័ព្ទព្រះតេជគុណ 017 809 650 / 098 370 097
អត្ថបទទី១

អត្ថបទខាងក្រោមនេះជាអត្ថបទរបស់ កញ្ញា ឈុំ សុបិន្ត ដែលបានផើ្ញមកចុះផ្សាយ នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១២
![]() | |||||||||||||||||||
No comments:
Post a Comment