វប្បធម៌ទូទៅ

(អត្ថបទនេះដកស្រង់ចេញពីសៀភៅវប្បធម៌ទូទៅរបស់ អូ៑ ពុទ្ធាវី និងសុ៑យ សិរី)


១- ដូចម្តេចដែលហៅថារដ្ឋ? ជាតិ? មាតុភូមិ?

  - រដ្ឋៈ មានន័យថាសហគមន៍របស់មនុស្ស ដែលមានច្បាប់មូលដ្ឋាន ហើយច្បាប់ដែលធំជាងគេ គឺរដ្ឋធម្មនុញ្ញ ។ សមាជិករបស់រដ្ឋ គេហៅថាពលរដ្ឋ ។ ពលរដ្ឋទាំងឡាយមិនត្រឹមតែគោរពច្បាប់ទេ គឺត្រូវនាំគ្នាជួយស្ថាបនាច្បាប់ថែមទៀត នៅក្នុងន័យនេះ ពាក្យរដ្ឋសំដៅទៅលើអាជ្ញាធរនយោបាយតែម្តង ​។   ដែលមានបណ្តុំរវាងអង្គការបីៈ

                             - នីតិបញ្ញត្តិ
                             - នីតិប្រតិបត្តិ
                             - តុលាការ

- ជាតិៈ មានន័យថាសហគមន៍របស់មនុស្សដែលមានសញ្ជាតិដូចគ្នា។ ជាតិពុំមែនរដ្ឋទេពីព្រោះ ជាតិនិមួយៗ អាចប្តូររដ្ឋបានតាមចិត្តរបស់គេ ហើយរដ្ឋគ្រាន់តែជាច្បាប់គ្រប់គ្រងជាតិតែប៉ុណ្ណោះ ។
- មាតុភូមិៈ ពាក្យថាមាតុភូមិគ្មានអ្វីក្រៅពីពាក្យជាតិទេ ប៉ុន្តែពាក្យមាតុភូមិមានន័យថាជាតិដែល ជាទីស្រឡាញ់។ ដូច្នេះមាតុភូមិគឺជាសហគមន៍ ដែលនាំគ្នាស្រឡាញ់ក្នុងផ្លូវមនោសញ្ចតនា ​។


២- ច្បាប់ជាអ្វី? សិទ្ធិជាអ្វី? ព្រំដែនរវាងសិទ្ធិ និងច្បាប់នៅត្រង់ណា?

- ច្បាប់ៈ គឺជានិយមកតព្វកិច្ច ចំាបាច់បំផុតរបស់មនុស្សសំរាប់ការពារសិទ្ធិ និងសេរីភាពដែលធម្ម ជាតិបានសំអិតសំអាងឡើង ដើម្បីជីវិតរស់នៅនៃសត្វលោកទូទៅ​។
- សិទ្ធិៈ តាមលោកកង់បានអោយនិយមន័យថា គឺជាលក្ខខ័ណ្ឌទាំងអស់ដែលអនុញ្ញាត្តអោយ សេរីភាពនៃជនម្នាក់ៗ ស្របជាមួយនឹងសេរីភាពនៃជនទាំងអស់ ។
- ព្រំដែនរវាងសិទ្ធិ និងច្បាប់នៅត្រង់អ្វីដេលមិនបានចែងនៅក្នុងច្បាប់ គឺស្ថិតនៅក្នុងសិទ្ធិ " ព្រំដែន នៃសិទ្ធិគឺច្បាប់ ព្រំដែននៃច្បាប់គឺសិទ្ធិ"

៣- តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានប៉ុន្មានជំពូក? ប៉ុន្មានមាត្រា? ប៉ុន្មានឧបសម្ព័ន្ធ? ហើយនៅក្នុងឧបសម្ព័ន្ធទាំងនោះចែងពីអ្វីខ្លះ?

        នៅក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាមានៈ
                - ១៤ ជំពូក
                - ១៣៩ មាត្រា
                - ៦ ឧបសម្ព័ន្ធ
ឧបសម្ព័ន្ធទាំង ៦ មានៈ

ក. ឧបសម្ព័នមួយចែងអំពី " ទង់ជាតិ"
ខ. ឧបសម្ព័នពីរចែងអំពី " ភ្លេងជាតិ" (បទនគររាជ)
គ. ឧបសម្ព័ន្ធបីចែងអំពី " សញ្ញាជាតិ" (ព្រះសង្ហា)
ឃ. ឧបសម្ព័ន្ធបួនចែងអំពី " សច្ចាប្រណិធាននៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា" ។
ង. ឧបសម្ព័ន្ធប្រាំចែងអំពីនសច្ចាប្រណិធាននៃប្រធាន អនុប្រធាន និងសមាជិកនៃរដ្ឋសភា នៃព្រះ រាជាណាចក្រកម្ពុជា នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចសង្ឃរាជ និងទេព្តា រក្សាស្វេតច្ឆត្រ ។
ច. សច្ចាប្រណិធាន នៃនាយករដ្ឋមន្រ្តី និងសមាជិករដ្ឋាភិបាល នៅចំពោះមុខព្រះភ័ក្រ ព្រះមហាក្ស ត្រ ព្រះភ័ក្រ្តសម្តេចព្រះសង្ឃរាជ និងទេព្តារក្សាស្វេតច្ឆត្រ។


៤- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចូលជាធរមាននៅពេល ដែលព្រះមហាក្សត្រ ទ្រង់ឡាយ ព្រះហស្ថលេខាប្រកាសអោយប្រើជាផ្លូវការ នៅថ្ងៃ ខែ ឆ្នាំណា? តើក្នុងជំពូកនិមួយៗមានចំណងជើង ដូចម្តចខ្លះ?


រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសអោយ ប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ។
                  ជំពូកទាំង ១៤ នៃរដ្ឋធម្មនុញ្ញមានដូចតទៅៈ
                  ជំពូក ១. អំពីអធិបតេយ្យ
                  ជំពូក ២. អំពីព្រះមហាក្សត្រ
                  ជំពូក ៣. អំពីសិទ្ធិ និង ករណីយ៍កិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
                  ជំពូក ៤. អំពីរបបនយោបាយ
                  ជំពូក ៥. អំពីសេដ្ឋកិច្ច
                  ជំពូក ៦. អំពីអប់រំ វប្បធម៌ និងសង្គម
                  ជំពូក ៧. អំពីរដ្ឋសភា
                  ជំពូក ៨. អំពីរាជរដ្ឋាភិបាល
                  ជំពូក ៩. អំពីអំណាចតុលាការ
                  ជំពូក ១០. អំពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
                  ជំពូក ១១. អំពីការគ្រប់គ្រងរដ្ឋបាល
                  ជំពូក ១២. អំពីសមាជជាតិ
                  ជំពូក ១៣. អំពីអនុភាព និងការសើរើ
                  ជំពូក ១៤. អំពីអន្តរបញ្ញតិ្ត ។

៥- អំណាចគ្រប់គ្រងរដ្ឋមានប៉ុន្មាន? ការបែងចែកអំណាចទាំងនេះដើម្បីអ្វី?
   
អំណាចគ្រប់គ្រងរដ្ឋមានបី គឺ៖
           ១- នីតិបញ្ញត្តិ (រដ្ឋសភាតំណាងរាស្រ្ត ១២០ រូប សម្រាប់ធ្វើច្បាប់
           ២- នីតិប្រតិបត្តិ (គណៈរដ្ឋមន្រ្តី) សម្រាប់អនុវត្តច្បាប់)
           ៣- អំណាចតុលាការ (អង្គចៅក្រម) សម្រាប់ជុំនុំជម្រះក្តី និងរក្សាយុត្តិធម៌ជូនសង្គម ​។
ហើយការបែងចែកអំណាច សម្រាប់គ្រប់គ្រងរដ្ឋបែបនេះដើម្បីអោយមានការទប់ទល់គ្នាទៅវិញទៅ មក ជៀសវាងការប្រើអំណាចដោយរំលោភ​។

៦- ព្រះពុទ្ធបរមគ្រូបានណែនាំអោយមនុស្ស ប្រកាន់ខ្ជាប់នូវ ក្រមប្រតិបត្តិ ១០ ប្រការដើម្បីសេចក្តី សុខចម្រើន និងសន្តិភាពជានិរន្ត ​។ តើក្រមទាំង ១០ ប្រការ (ទសពិធរាជធម៌) នោះគឺអ្វីខ្លះ?
             
             ១- ទានៈ ការធ្វើអំណោយគឺចេះចែកគ្នារស់
             ២- សីលៈ កាន់សីលប្រាំខ្ចាប់ខ្ចួន មិនប្រធ្វើអំពើអាក្រក់
             ៣- ចាគៈ ចេះលះបង់សេចក្តីកំណាញ់ ហើយបរិច្ចាគទ្រព្យសម្បតិ្តកសាងប្រយោជន៍សាធារ                       ណៈ (គឺមិនអាត្មានិយម)
             ៤- អាជ្ជវៈ មានចិត្តស្មោះត្រង់ប្រកាន់ សច្ចធម៌ (គឺនិយាយបែបណាធ្វើបែបនោះ)
             ៥- មទ្ទវៈ ចេះបន្ទន់ឥរិយាបទ និងចិត្តគំនិត (គឺប្រើសំដីពិរោះផ្អែមល្ហែម)
             ៦- តបៈ ចេះព្យាយាមកំចាត់ចោល នូវសេចក្តីអាក្រក់ចេញពីខ្លួនហើយតំាងខ្ឡួនអោយនៅ ក្នុងអំពើល្អជានិច្ច (គឺរាំងស្កាត់សេចក្តីអាក្រក់)
             ៧- អក្កោធនៈ មិនសំដែងអាការៈច្រងេងច្រងាងទទឹងទិស (គឹមិនធ្វើអោយគេខឹង)
             ៨- អវិហឹសាៈ មិនសងសឹកមិនប្រព្រឹត្ត្ បៀតបៀនអ្នកដទៃហ៑ានទទួល ឫឆាប់មើលឃើញ ទោសកំហុសខ្លួន មិនចាប់ទោសកំហុសអ្នកដទៃខុសបែបបទ ។
             ៩- ខន្តីៈ ចេះអត់ធ្មត់ ចេះអត់ធន
             ១០- អវិរោធនៈ មិនធ្វើអោយខុសឆ្គង ពីគន្លងច្បាប់ (គឺគោរពប្រតិបត្តិតាមច្បាប់ជានិច្ច) ។


(សូមរង់ចាំអានអត្ថបទល្អៗបន្តទៀត...សូមអរគុណ!)

No comments:

Post a Comment