របៀបតែងកំណាព្យ!

 ប្រវត្តិនៃការកកើតកំណាព្យខ្មែរ
I . ប្រវត្តិនៃការកកើតកំណាព្យខ្មែរ
          ជនជាតិខ្មែរជាម្ចាស់នៃដែនដីសុវណ្ណភូមិនេះ តាំងពីយូរលង់ណាស់មកហើយ គឺតាំង​ពីមុនគ្រឹស្តករាជមកម្លេះ។ ដូចនេះ កំណាព្យខ្មែរ ក៏មានអាយុកាល ដ៏យូរលង់ ជានោះផងដែរ។
          ក.​ អំពីឥទ្ធិពលនៃលទ្ធិ ឬសាសនាក្នុងសង្គមខ្មែរ
          I លទ្ធិព្រលឹង ដូចជាអារក្ស អ្នកតា មេបា​ ...។ល។...។
          II ព្រហ្មញ្ញសាសនា និងគម្ពីវេទ
          III ព្រះពុទ្ធសាសនា
                   ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ហូរចូលមកខ្មែរ ៣០៩ឆ្នាំ​មុនគ្រឹស្ត​សករាជមកម្លេះ។
          ខ.​ កំណាព្យខ្មែរ
          ផ្អែកតាមអ្នកស្រាវជ្រាវ តន្រ្តីខ្មែរឃើញថា កំណាព្យខ្មែរកើតចេញពីប្រភពពីរៈ
          ក.ឃើញក្នុងទំនុកច្រៀងភ្លេងអារក្ស
          ខ.ឃើញក្នុងទំនុកច្រៀន បទភ្លេងប្រពៃណីសម័យរៀបអាពាហ៏ពិពាហ៏ព្រះបាទហ៊ុន ទៀន និងព្រះនាង លីវ​ យី (ព្រះថោង នាងនាគ)
          ដូច្នេះ យើងអាចបែងចែកនៃការកកើតកំណាព្យខ្មែរមានបីតំណាក់កាល៖
          -ដំណាក់កាលទី១ សម័យមុនអង្គរ
                   នគរភ្នំ (បទពាក្យ៤ ឬមេ៤)
                   ចេនឡា (បទបឋ្យាវត្ត)
          -ដំណាក់កាលទី២ សម័យអង្គរមាន៥បទ
                   កាកគតិ
                   ព្រហ្មគីតិ
                   ពំនោល
                   ភុជង្គលីលី
                   បន្ទោលកាក (បណ្ឌុកគតិ)
          មកដល់ ស.វ.ទី១៥ នៅឆ្នាំ១៤៩៨នៅក្នុងស្នាដៃល្បើកអង្គរវត្តរបស់អ្នកប៉ាង ទើប​កំណាព្យ​ទាំង៥នេះ មានឈ្មោះដល់សព្វថ្ងៃ។ (កំណាព្យទាំង៥បទនៅក្នុងរឿង​​ រាមកេរ្តិ៍​ពី​ខ្សែ​១​ដល់ខ្សែ១០)។
          ដំណាក់កាលទី៣​ សម័យក្រោយអង្គរចែកជាបីដំណាក់កាល
          សម័យច្របូកច្របល់ (ព្រោះសៀមវាយលុកក្រុងអង្គរ) ប្រហែលជាសម័យលង្វែក ឬឧត្តង្គយើងមានកំណាព្យមួយបទទៀត ដែលមាននៅក្នុងរឿងរាមមកេរ្តិ៍ពីខ្សែ៧៥ដល់ ៨០ ដែលជាស្នាដៃបន្ត គឺបទពាក្យ៦។
          សម័យចតុម្មុខ យើងឃើញមានកកើតកំណាព្យជាមូលដ្ឋាននិងកំណាព្យ បំបែក​ចែក​ជាពីរច្បាប់ដើមបន្ថែមជាច្រើនបទទៀត។ ប៉ុន្តែកំណាព្យជាមូលដ្ឋានគ្រឹះមាន៦បទគឺ៖
បទពាក្យ៧,៨ ,៩,១០,១១,និង១២
          កំណាព្យដែលមិនដឹងសម័យកាល
          បទឥន្ត្រជិត ទើបតែរកឃើញឆ្នាំ២០០១
          បទទន្សាយទីសទាស(បាត់)

          បទមាន់ទឹកបណ្តើរកូន(បាត់)
អំពីកំណាព្យ 
អ្វីទៅជាកំណាព្យ?  រៀបរៀងដោយ ជំនិត វិជិតភក្តី
កំណាព្យ គឺជាកម្រងពាក្យសម្តី មានពាក្យចួន រណ្តំណែងណង យ៉ាងពិរោះដែល មានឃ្លាមានល្បះ គោរពតាមក្រិត្យក្រម ដោយមានការ កំណត់ពីកំរិត ចំនួនព្យាង្គទៅតាម​វិធីសាស្ត្រនិពន្ធ នៃបទនីមួយៗ ។ កំណាព្យ សំដែងចេញពី ភាសាដួងចិត្តរបស់កវី ធ្វើឲ្យ​អ្នក​អាន អ្នកស្តាប់រំភើប សប្បាយ ទុក្ខព្រួយ ស្រលាញ់ ខឹង ស្អប់ និងឈឺចាប់ជាមួយ។
                      ធាតុសំខាន់នៅក្នុងកំណាព្យ
    ដើម្បីនិពន្ធកំណាព្យឲ្យបានល្អ យើងត្រូវស្គាល់ធាតុសំខាន់ៗរបស់​កំណាព្យដូចខាង​ក្រោម៖
​                     ១.ព្យាង្គ
                     ២.ពាក្យ
                     ៣.ឃ្លា
                     ៤.ល្បះ (ឬល្បះខណ្ឌ័)
          ១. ព្យាង្គ គឺជាសូរស្រះ ឬព្យញ្ជនះដែលមិទាន់ប្រកប ឬក៏ប្រកបហើយមានសូរ​សំលេង​តែមួយ ទោះបីមានន័យក្តី មិនមានន័យក្តី។
ឧទាហរណ៏ៈ     នមោ ពុទ្ធាយ សិទ្ធំ អ ....
                             ក​ .​ខ...ឡ អ...
          ២. ពាក្យ គឺជាសូរសំលេងតែម្តង ឬច្រើនដង ប៉ុន្តែមានន័យគ្រប់គ្រាន់ដូចគ្នា
          ឧ. ស្នេហ៍ .ស្នេហា
          -ពាក្យមួយព្យាង្គ (ខែ ថ្ងៃ ស្រី ប្រុស...)
          -ពាក្យពីព្យាង្គ ( ព្រះច័ន្ទ អាទិត្យ ,នារី....ល.)
          -ពាព្យបីព្យាង្គ ( ព្រះច័ន្ទ, សូរិយា, មនុស្សា...ល.)
          ពាក្យនៅក្នុងកំណាព្យចែកជាពាក្យពីរទៀតគឺៈ
          ១. ពាក្យពេចន៏ គឺជាពាក្យសម្រាប់រំលេងន័យខ្លឹមសារកំណាព្យឲ្យលេចឡើង ក្នុង​ទំរង់​​សិល្បះកំរិតខ្ពស់ ដែលបង្កើតបានជារូបារម្មណ៏ ដើម្បីឲ្យអ្នកអាន និងអ្នកស្តាប់ យល់​ន័យ​ដែលអ្នកកវីចង់និយាយ។
          ២. ពាក្យសម្ផស្ស​ គឺជាពាក្យ( ជួន,​ ផ្ទួន, រណ្តំ ) នៅក្នុងកំណាព្យ...។
          ក. សម្ផស្សក្នុង គឺជាចំណាប់ជួនផ្ទួនរណ្តំ នៅក្នុងឃ្លាជាមួយគ្នា
                   ឧ. នឹកស្រុកនឹកស្រូវនៅឯស្រែ  នឹកដៃពុកម៉ែធ្លាប់ថែកូន
                   ជួបមីងជួបមារបាត់តាដូន                  បាត់ពុកម៉ែសូន្យសល់ប្អូនបង។
          ក្នុងឧទាហរណ៍កំណាព្យខាងលើនេះ ឃើញថាស្រុករណ្តំនឹងស្រូវ, ម៉ែជួននឹងថែ, ជួប​ផ្ទួននឹងជួប។
          ខ. សម្ផស្សក្រៅ គឺជាចំណាប់ជួនផ្ទួនរណ្តំដូចគ្នា ប៉ុន្តែនៅក្នុងពាក្យសម្ផស្សក្រៅមាន ពាក្យ ជួនផ្ទួនរណ្តំ ឆ្លងឃ្លា១ទៅឃ្លា១ ឬពីសីល្បះ ១ទៅល្បះ១ទៀត។
          ៣.​ ឃ្លា នៅក្នុងកំពាព្យគឺជាព្យាង្គច្រើនរួមគ្នា ទៅតាមវិធីសាស្ត្របទនីមួយៗ ដូចជា​បទមេ៤ មាន៤ព្យាង្គក្នុង១ឃ្លា។
          ៤. ល្បះ​ ឬល្បះខណ័្ឌ គឺឃ្លានៅក្នុងកំណាព្យរួមគ្នា​ដែលកំណត់ទៅតាមវិធី​សាស្ត្រ​របស់​​កវីនីមួយៗ ។
ឧ. បទពាក្យ៤ មានឃ្លារួមគ្នាចំនួន៤ បញ្ចប់ដោយខ័ណ្ឌហៅថា មួយល្បះ។
                ឧ. គ្រប់បទទាំងអស់បញ្ចប់ដោយខ័ណ្ឌហៅថា មួយល្បះ។
សូរសព័្ទឬសូរសៀង
    សូរស័ព្ទ សូរសៀង ឬសំនៀងមានន័យថា​ សំឡេង។ ចំពោះកំណាព្យ សំលេង​នេះ​សំខាន់ណាស់ ព្រោះកំណាព្យល្អគឺជាកំណាព្យដែលមានចំណាប់ចួនគោរពតាមសំលេង ព្យញ្ជនៈ ឃោសៈ ឬអឃោសៈ ​ដូចជា .អ. ត្រូវសរសេរឲ្យចួននិង .អ. ​.....។
ឧ. សៀង         នាង។ សំលេងពញ្ជនះអឃោស .អ. ត្រូវសរសេរចួននិង .អ. ដូចគ្នា
ឧ. មាតា        ជីតា , ក្សត្រា, ស្នេហា ...។ល។
             ពាក្យចួនដែលមិនមានជាកំណាព្យ 
          ១. កំរងកែវ ពាក្យចួនដែរប៉ុន្តែចួនគ្មានក្រិតក្រម
                    ឧ. សែនក្រុងពាលីសង់ផ្ទះជាដើម ទើបអញខ្ញុំអញើញ​ស្តេចក្រុងពាលី ព្រះ​​ ភូមិ និងនាងគង្ហីងព្រះធរណី ចូរអ្នកអញើញមកយកក្រយាបូជាសារពើទៀនធូប​ជ្វាលា​(អណ្តាតភ្លើង) បុប្ផាគន្ធមាលាបន ចេកអំពៅ ស្រូវអង្គរ​ស្រូវដំឡូងដូងស្លារល្ងសណ្តែក ទាំង​ឡាយ ដែលយើងខ្ញុំរៀបចំបូជាថ្វាយទៅអ្នកផង។ នេះហៅថា ពាក្យកម្រងកែវ។

          ២.ពាក្យប្រជាប្រិយ ដូចជា សុភាសិត ២.ពាក្យបណ្តៅ ៣.ពាក្យរាល (ពាក្យ​ក្មេង​លេងពួន) ៤. ពាក្យកាព្យ (ចួនមានក្រឹតក្រមដូចជាកំណាព្យដែរ​ ប៉ុន្តែជាភាសា សំបកក្រៅ)។
កំណាព្យកាព្យឃ្លោង 
កំណាព្យជាស្នាដៃរបស់កវីដែលសសំដែងចេញពីភាសាដួងចិត្ត......។
          ឧ. កវីបារាំងឈ្មោះ Andre Chnier បានពោលថា សិល្បះ ធ្វើត្រឹមពាក្យចួនប៉ុណ្ណោះ មានតែដួងចិត្តទេ ដែលជាកវី។ ដូច្នេះ កំណាព្យជាសិល្បះនិពន្ធ ប្រកបដោយពាក្យ​ចួន​ផ្ទួន​រណ្តំ ដែលអាចខាបអន្ទងមនោសញេតនារបស់អ្នកអាន អ្នកស្តាប់ឲ្យរំភើប ស្រលាញ់​ ខឹង ស្អប់ ជាមួយនឹងស្នាដៃរបស់កវីដែលមានពាក្យចួនផ្ទួនរណ្តំសូរសំលេងមានចង្វាក់ និងភាព​ពីរោះ ។ សរុបមកកំណាព្យគឺភាសាដួងចិត្តរបស់កវី។
          កាព្យជាពាក្យចួនមានក្រឹតក្រមដូចកំណាព្យដែរ ប៉ុន្តែមានន័យត្រង់គឺជាភាសា សំបកក្រៅ។ ដូច្នេះ កាព្យគឺជាសិល្បះអត្ថបទ ដែលជាពាក្យចួនគោរពតាមក្រឹតក្រមដូច​កំណាព្យ។
          ឃ្លោងជាពាក្យមានន័យបញ្ឆិតបញ្ឆៀងនៅក្នុងកំណាព្យដូចជា ពាព្យថ្លែងមិន​ចំន័យ​ដែលកវីចង់ថ្លែង។ ប៉ុន្តែមានន័យគ្រប់គ្រាន់ឲ្យអ្នកអាន អ្នកស្តាប់ អាចយល់បាន។
ឧ.      សូរិយាល្ងាចថ្ងៃ           ទន្សោងគោព្រៃ   រកស៊ីជើងព្រៃ
                   តូចស៊ីតាមតូច        ធំស៊ីតាមធំ         រកស៊ីជើងភ្នំ
                                              ផឹកទឹកដងអូរ។
          កវី មានន័យថា អ្នកនិពន្ធកំណាព្យ មិនមែនអ្នកសរសេរពាក្យចួនទេ។ ដូចនេះ កវីគឺ អ្នកមានមនោសញ្ជេតនាច្រើន និងជាអ្នកខិតខំស្វែងរកសុភមង្គលឲ្យដល់ជាតិ តាមភាសា​ដួងចិត្ត។ រាល់ស្នាដៃរបស់កវីដូចដែលបានលើកឡើងនោះ ជាពិភពថ្មីមួយដែល មានភាសា​ដួងចិត្ត ស្រងេះស្រងោច ពិរោះរណ្តំ ទន់ភ្លន់ និងអន្លង់អង្លោច។
          ដូច្នេះ កវីឬអ្នកនិពន្ធត្រូវយល់ពីភារកិច្ចដូចខាងក្រោម។
          ១.​ បំណង
          តើចង់សរសសេរអំពីអ្វី?
 ឧ. ចង់និពន្ធរឿងល្បើកឬរឿងប្រលោមកំណាព្យ ប៉ុន្តែបើចង់និពន្ធជាពាក្យរាយវិញ ក៏អ្នកត្រូវកំណត់ពីប្រភេទរឿងខ្លីឬរឿងប្រលោមលោកដូចគ្នាដែរ។
          ២. កម្មវត្ថុ
          តើអ្នកសេរសេរសម្រាប់អ្នកណា? បន្ទាបពីបានកំណត់គោលបំណងដែលអ្នកត្រូវ​និពន្ធរួចហើយ នៅចំនុចទី២នេះ គឺអ្នកត្រូវគិតពីមុខសញ្ញាដែលអ្នកអានស្នាដៃយើង តើ​កុមារ​ឬទូទៅ?
          ដូចនេះ នៅក្នុងកម្មវត្ថុនេះកវីនិពន្ធឲ្យកំណត់ច្បាស់ពីមុខសញ្ញាដែលស្នាដៃអ្នក ត្រូវ​បំម្រើ។
          ៣. ចរិតស្នាដៃ
          តើយើងសេរសេរដើម្បីអ្វី?
          សំខាន់បំផុតកវីនិពន្ធ ឬអ្នកនិពន្ធត្រូវបញ្ជាក់ច្បាស់ពីចរិតសង្គមនៅក្នុងស្នាដៃ។​ ជា​ពិសេសក្នុងចរិតស្នាដៃទាំងនោះត្រូវកំណត់ឲ្យច្បាស់ថា តើអ្នកចង់ដឹកនាំសង្គមជាតិ សង្គម​មនុស្សទាំងមូលទៅណា?
បៀបនិពន្ធកំណាព្យ១១ប្រភេទ
១.​ កំណាព្យវីណាកថា
          ជាកំណាព្យដែលកវីបកស្រាយពីមនោសញ្ញេតនា រំភើបញាប់ញ័រ និងការស្រមើ ស្រមៃ​ផ្ទាល់ខ្លួន។
ឧ. កំណាព្យព្រះរាជសម្ភារ (ទាក់ទងនឹងបុប្ផាវតី)
 សូមបងបានមូល        មិត្តបណ្តូរ                 បណ្តាច់ស្នេហា
 កុំឲ្យបង់ប្រាណ          ​ និរាសច្នោះណា           ប្អូនអើយបងមហា
                                      ក្តៅទ្រូងសៅហ្មង។
២. កំណាព្យសារកថា
          ជាលិខិតឆ្លើយឆ្លងជាពាក្យកាព្យ ឧ. លិខិតស្នេហាជាដើម។
៣. កំណាព្យឧបទ្ទេសកថា
          ជាកំណាព្យមានបំណងអប់រំទូន្មានប្រៀនប្រដៅ ទស្សនវិជ្ជា សីលធម៍ ឬនយោបាយ​ជាដើម...។ល។....។
          ឧ.     ខ្មែរអាងស្រូវក្នុងដោក   ដូរថ្លៃថោកអាក្រកល្អ
                   អស់ស្រូវទៅជាក្រ         អង្វរមិនជឿស្រូវខ្លួនឯង។
                                                                             (ក្រុមង៉ុយ)
 ៤. កំណាព្យរិះគន់កថា
                   ជាកំណាព្យរិះគន់អំពើអសកម្មណាមួយ។
          ឧ.      អ្នកមានមានស្តុកទ្រព្យក្រៃក្រាស់                   អ្នកក្រក្រណាស់ខ្វះឥតល្ហែ
                   អ្នកមានទិញសាច់គោឲ្យឆ្កែ                          អ្នកស្រែម្ចាស់គោសីុប្រហុក។
                                                                                      (គយ សារុន)
៥. កំណាព្យចំរៀងកថា
                   ឧ.      បងដើរមាត់ព្រែក                  ឭខ្វែកវាយំ
                             បងដើរជើងភ្នំ                      ឃើញឃ្មុំក្រេបផ្កា។
៦. កំណាព្យនាដកថា
                   ប្រភេទកាព្យយកទៅសំដែងនៅលើឆាក
                   ឧ. រឿងរាមកេរិ៍ជាដើម...។ល។....។
          ***នាដ គឺការសំដែង(រៀបរាប់), រាំកាច់ក្បាច់...។ល។...។
៧. កំណាព្យវីរកថា
                   អត្ថបទណាព្យកាព្យដែលវែង នៃបុរាណ សម័យមានតួរអង្គជាវីរជន។
                   ឧ. រឿងរាមកេរ្តិ៍, រឿងសង្ខ័សិល្បជ័យ, ព្រះជិនវង្ស
៨. កំណាព្យប្រវត្តិសាស្ត្រ
                   ពាក្យកាព្យនិយាយពីប្រវត្តិសាស្ត្រ ឬព្រឹត្តិការណ៏ណាមួយ។
៩. កំណាព្យពណ៌នាកថា
                   កំណាព្យរៀបរាប់ពី មនុស្ស សត្វ ឬធម្មជាតិ។
                   ឧ.      ស្តេចមានមហេសី        នាងកែវកាកី
                             ល្អល្អះឥតហ្មង  ឥតមានស្រីណា
                             សោភាផ្ទឹមផង  សមសព្វកន្លង
                                      កន្លោងអស់ស្រី។
១០. កំណាព្យល្បើកកថា
                   កំណាព្យរឿង យកតួរអង្គសត្វជំនួស ឬយកវត្ថុមករៀបរាប់ឲ្យមានជីវិត។
                   ឧ. ជុចនិងត្រី , ល្បើកអក....
១១. កំណាព្យប្រលោមកថា
                   ជាកំណាព្យរឿងមានលំនាំដូចប្រលោក
                   ឧ. ទុំទាវ
                   -បទសន្ទនាតួរអង្គ
                   -បទពណ៍នារបស់អ្នកនិពន្ធ
                   -ប្រើកំណាព្យ
អំពីកំរិតចំណាប់ថ្នាក់នៃចំនាប់ចួនក្នុងកំណាព្យខ្មែរ
          ចំណាប់ចួននៅក្នុងកំណាព្យ ដែលជាស្នាដៃរបស់កវីខ្មែរ​យើងមានសភាព​ និង​លក្ខណៈប្លែកៗពីគ្នា ដែលយើងអាចចែកចេញជាកំរិតចំណាប់ថ្នាក់មាន៣លក្ខណៈគឺ៖
          លក្ខណៈទី១
                   ជាស្នាដៃកំរិតខ្ពស់ដែលកវីខែ្មរយើងគោរពសូរស្រះ និងព្យញ្ជនះ(អ,អ៊)។
     ឧ. បើព្យាង្គទី១ ស្ថិតនៅក្នុងពួក (អ) ចំណាប់ចួនទៅនឹងព្យាង្គដទៃ ក៏ត្រូវនៅក្នុងពួក (អ) ដូចគ្នា។ ផ្ទុយទៅវិញក្នុងព្យាង្គទី១ពួក(អ៊) ចំណាប់ចួនទៅនឹងព្យាង្គដទៃទៀត ក៏ត្រូវ​ស្ថិតនៅ​ក្នុង(អ៊) ដូចគ្នាផងដដែរ។
          លក្ខណៈទី២
                   ក្នុងកំរិតនេះ ជាស្នាដៃកំរិតមធ្យមព្រោះ​កវីពុំបានគោរពសូរសព្ទ័​(អឬអ៊)បាន​ទាំងស្រុងទេ។
          ឧ. មនុស្សល្ងង់មិនផ្អើលភ្ញាក់ គូរភ្នែកខ្វាក់ទាំងសងខាង...។ ដូច្នេះ យើងឃើញថា (ភ្ញាក់ ជា អ៊ រីឯខ្វាក់ជា អ ) ពុំស្ថិតនៅក្នុងក្រុមជាមួយគ្នាទេ ពីព្រោះ (ភ ក្រុម អ៊ ,ជាក្រុម អ)។
          លក្ខណៈទី៣
   នៅក្នុងកំរិតនេះ គឺជាស្នាដៃកំរិតទាប ពីព្រោះកវីពុំសូវគោរព (អ ឬ អ៊ ) ទេ ។ ហើយ​ចំពោះស្រះវិញ ឲ្យតែមានសូរឭដូចគ្នាក៏យកមកប្រើច្របូកច្របល់តែម្តង។
          ឧ.  ទៀងទើបប្រគំ      ប្រកបភ្លេងភ្លុំ
                ត្រែសាំងភេរី        គោះគងគគ្រេង
                   គ្រប់ភ្លេងតន្ត្រី   ព្រាហ្មពា៍ព្រឹទ្ធព្រឹទ្ធី
                             ថ្វាយជ័យអីងអរ។...
                             (ស្រង់ចាករឿងភោគកុមារ) ទំព័រ ១៦៧
          *ចំណាំ  ដើម្បីឲ្យមានសោភណ័្ឌក្នុងស្នាដៃកំណាព្យរបស់យើងគឺ
          ១.​ ត្រូវគោរពតាមក្បួនខ្នាត
          ២. ត្រូវប្រើ (ព្យាង្គ, ចួន, ផ្ទួន,​ រណ្តំ,សូរដូចគ្នា ) ដើម្បីជំនួយក្នុងឃ្លាក្នុងល្បះ នីមួយៗ បន្ថែមទៀតបានល្អ។
                   ក. ចួនព្យាង្គ
          ឧ.      ចាប់ក្រសាវ​               កាវក្រសោប              អោបមាសឆ្អិន
                   កៀកសង្កិន               សិនសង្កត់                បត់ត្រឡប់
                   ស្ទាបបបោស             កោសបបែល             អង្អែលសព្វ
                   រួចបញ្ចប់                  តប់បញ្ចើច                សើចក្អាកក្អាយ។
                                                                   (ញូង សឿង )១៩៥០
                                                                   (ទស្សនាវដ្តី មិត្តសាលាបាលី ល.៧)
                   ខ. ផ្ទួនព្យាង្គ
                   គឺជាព្យាង្គដែលកវីប្រើពាក្យដូចៗគ្នា។
                   គ. រណ្តំសូរ (មានពីរ ១.២)
              ១.រណ្តំស្រះជាអត្ថបទកំណាព្យដែលកវីចេះយកស្រះមានសូរដូចៗគ្នាមកប្រើ​នៅក្នុងឃ្លានីមួយៗ។
          ឧ. គិតកនិដ្ឋា................។
                   ២. រណ្តំព្យញ្ជនះ
                   ជាអត្ថបទកំណាព្យដែលកវីយកព្យញ្ជនះដដែលមកប្រើច្រើននៅក្នុងឃ្លា នីមួយៗ។
          ឧ.​ ត្រគៀតដុះបៀតដើមត្រកួន          ម្លេះសមនឹមនួនស្ងួនទទឹង
          ម្លិះរួតរួតរិតគិតរំពឹង                        ស្បៃរឿងរិតរឹងពុំមានស្បើយ។
                                                                             (វរ ពៅ ទំព័រ១៤)
                   ឃ. ផ្ទួនរណ្តំ
                   អត្ថបទកំណាព្យមានពាក្យពីរដែលមានព្យាង្គដើមដូចគ្នា ហើយព្យាង្គ​បន្ទាប់ រណ្តំគ្នា ដោយប្រើ (ស្រះឬព្យញ្ជនះ) ក៏បាន។
          ឧ. ត្រគៀត និងត្រកួនជាដើម.។
ការប្រើស្រះនិងព្យញ្ជនៈដើម្បីនិពន្ធកំណាព្យ
          ១.​ចំពាក្យដែលក្លាយពីបាលី សស្ត្រឹត ហើយសរសេរជាស្រះ (ឯ) អានសូរស្រះ (អ៊ែ) ដោយពាក្យប្រកបនឹងព្យញ្ជនៈ(ត, ធ. ព. និងល)ដូចជា
          ហេតុ អានថា ហែត
          ខេត្ត អានថា ខែត្រ
          ចេត្រ អានថា ចែត្រ
          អចេល៍ អានថា អចែល
          បដិសេធ អានថា​ បដិសេធ
          សេព អានថា សែព...ល...។
           ២. ការប្រើស្រះ (ិ) អានជា ស្រះ (េ) ដូចជា
                   ឧ. មិគសិរ , រណស្សិ..................
          ៣. ពាក្យបាលីដែលប្រើស្រះ (អិ) អានជា ស្រះ (អី)
                   ឧ. លោកិយ,​ ប្រិមប្រិយ
          ៤. ការប្រើស្រះ (ុ) ប្រកបនិង (រ) ស្រះ (ោ) ព្យ (រ)      ល
                   ឧ. កណ្តុរ,​ ឆ្នាំកុរ, ខ្នុរ, សម្បុរ
          ៥. ចំពោះពាក្យដែលប្រកបនឹងព្យញ្ជនៈ( ក, ខ,គ,​ ឃ) មានសូរដូចគ្នាឬចួនគ្នានោះគឺ
                   ឧ. សុក្រ ដូច សុខ , លោក​ ដូច ​ផោក
                   មេឃ ដូច ពេក, មាឃ ដូច ពាក្យ
          ៦. ពាក្យប្រកបនឹងព្យញ្ជនៈ(ច និង ជ) មានសូរដូចគ្នា គឺ សមាជ = កាច
          ប្រយោជន៏ = ស្រមោច , ពេចន៏ = ពេជ្រ
          ៧. ពាក្យប្រកបនឹងព្យញ្ជនៈ(ដ ,ឌ, ត, ទ,​ថ និងធ ) មានសូរដូចគ្នាគឺ
          ឧ. ប្រមាថ = ប្រមាទ = ប្រសាទ
          ប្រសូត្រ = ប្រសូតិ
          សូត = សូទ្រ = សូធ្យ = សូត្រ
          ៨. ពាក្យប្រកបនឹងព្យញ្ជនៈ( ន និង ណ) មានសូរប្រកបដូចគ្នាគឺ
          ជ្រកកោន= ត្រីកោណ
          គុណ = គុន
          ៩.​ពាក្យប្រកបនឹងព្យញ្ជនៈ(ប, ព, ភ,​ )មានសូរប្រកបដូចគ្នាគឺ
                   ឧ. ទាប = រៀប, រាប, លាភ
                   កែប, សេព, សែប................ល...។
          ១០. ប្រកបនឹងព្យញ្ជនៈ(ល និង ឡ) មានសូរសព័្ទស្រះដូចគ្នាគឺ
                   ឧ.ព្រាល = ដៀល = រមៀល = រសៀល....ល.....។
អំពីបដិវិធី
បដិវិធីជាទូទៅ យើងសង្កេតឃើញមានសកម្មភាពពីរបែបផ្សេងគ្នា។
បដិវិធី​ទាំងពីរ​បែបនោះគឺ:
          ១.កវីយកអង្គពីរ ដែលជាបដិភាពនិងគ្នាមកបង្ហាញ។
          ឧ.      ក្នុងសង្គមចាស់                នគរថ្កើងណាស់
                   ថ្កើងថ្កាលហួសពេក           ផ្ទះថ្មក៏ច្រើន
                   លូតកើនហួសមេឃ           មានសប្បាយពេក
                                      ក្ររែកទុក្ខក្តុក។
                   អ្នកមានមានឡាន                 សប្បាយគ្មានស្រាន្ត
                   មានវិមានស្តុក                    ក្រគ្មានស្បែកជើង
                   ការភ្លើនតត្រុក                    រស់គ្មានស្រណុក
                                      ក្នុងខ្ទមសោកា។
         
          បដិវិធីបែបនេះ ច្រើននៅក្នុងឃ្លា ឬល្បះផ្សេងៗពីគ្នាដូចជា
                   មាន ក្រ , សប្បាយ ទុក្ខ, ឡាន  គ្មានស្បែកជើង.......ល.....។
          ២. កវីចេះយកអង្គតែមួយ ដែលប្រឈមគ្នាមកបង្ហាញ។ បដិវិធីបែបនេះ ច្រើន​ក្នុង ឃ្លាតែ១។
          ឧ.      មនុស្សធម៍បង់បាត់                ខ្លួនមនុស្សចិត្តសត្វ
                   លែងស្គាល់ប្អូនបង                ជាតិជាមួយគ្នា
                   ប្រហាចាប់ចង                     ចិត្តពាលយង់ឃ្នង
                                      មោហ៍បាំងជុំជិត។
                                                          (មើលដែលដីខ្មែរ )
          ដូច្នេះ ប្រភេទនៃបដិវិធីមានច្រើនយ៉ាងណាស់តែយើងអាចបំព្រួញដូចខាងក្រោមៈ
          ១. ប្រឈមគុណភាព
ឧ.នាងទាវនិយាយទៅកាន់នាង នៅពេលនាំនាង​យកទៅថ្វាយស្តេចរាមា​ជើង ព្រៃថា                 
បងមិនអាណិតចិត្តប្អូនផង                 ទុក្ខធ្ងន់កន្លងពុំមានស្បើយ
សមប្អូនក្សីណាក្ស័ទេដឹងអើយ             ទុក្ខអើយទោម្នេញពេញជាថ្មី។
          ២. ប្រឈមអំពើ
                   បដិវិធីប្រឈមអំពើ កវីបានយកអំពើពីរដែលប្រឈមគ្នាមកបង្ហាញ ដើម្បី​ពន្លេច អំពើឲ្យឃើញច្បាស់។
          ឧ. សំដីថាស្នើ            តែឃើញអំពើ             គឺជាចោរប្លន់
          អ្នកម្ចាស់មិនឲ្យ         នឹងត្រូវអាសន្ន            ជាប់ទោសយ៉ាងអន់
                                      ជាន់កវាយចោល។
                                                          (មើលផែនដីខ្មែរ ទំព័រ ៣៨)
          ៣. ប្រឈមហេតុនិងផល
          ឧ. ធ្វើណាស់ក្រណាស់             ប្រឹងរិតតែខ្វះ             ខ្វះគ្មានឈប់ខាន
          អ្នកមានដេកសុខ                  ស្រណុកក្សេមក្សាន្ត      ម៉្តេចក៏ទ្រព្យបាន
                                                 ហូរចូលគ្មានឈប់។
          ៤. ប្រឈមរវាងអត្តខាងក្នុងនិងខាងក្រៅ
          ឧ. មាត់ស្រែកសប្បាយ           តែចិត្តខឹងកាយ         ខឹងស្រពោនស្វិត
          សុភមង្គល                          ដូចយប់ងងឹត             ចងឆ្វាក់រួបរិត
                                                ដូចពោះលេបប្រាណ។
                                                          (ដែនដីខ្មែរ ទំពរ ២៣)
          ***វិធីបំផ្លើស
          ឧ. ក្នុងសង្គមចាស់       នគរថ្កើងណាស់          ថ្កើងថ្កានហួសបេក
          ផ្ទះថ្មក៏ច្រើន              លូតកើនហួសមេឃ      មានសប្បាយពេក
                                      ក្រវែងទុក្ខក្តាត់។

១.បទកាកគតិ
១.បទកាកគតិ
           ក.រង្វាស់កាព្យ
                   ១ល្បះ=៧ឃ្លា
                   ១ឃ្លា=៤ព្យាង្គ
*ចួនក្នុងវគ្គ    
                   ព៤.ឃ១.វ១              ចួននឹង ព៤.ឃ២.វ១
                   ព៤.ឃ៣.វ១             ចួននឹង ព៤.ឃ៥.វ១
                   ព៤.ឃ៥.វ១              ចួននឹង ព៤.ឃ៦.វ១
         *ចួនឆ្លងវគ្គ
                    ព៤.ឃ៧.វ១             ចួននឹង ព៤.ឃ៣.វ២

       ខ. ចំណាប់ចួន
                              

ឧ. ស្រមោចតូចល្អិត             តែវាមានចិត្ត              ពិតខ្លាំងអស្ចារ្យ
វាអាចលីសែង                     រាល់គ្រប់អាហារ            មិនចាញ់សង្អា
                                      សង្កើចអង្ក្រង             ។
អង្ករយ៉ាងមួន                     ធំជាងតួខ្លួន               វាសែងឥតហ្មង
មួយដាក់លើស្មា                   មួយរុញក្រោយខ្នង       មួយទៀតទាញផង
                                      ត្រាសម្រេចបាន          ។
អំបិលរសប្រៃ                      គេអាចប្រើច្នៃ             ជាថ្នាំសាមាន្យ
កំចាត់ស្រមោច                   ក្បាលខូចរំខាន           ឲ្យវិនាសប្រាណ
                                      ប្រាសអន្តរាយ  ។
ថ្នាំពុលដោយហោច               ដូចគ្មានស្រមោច        ណាបែកខ្ចាត់ខ្ចាយ
តែផ្ទុយទៅវិញ                     ស្រមោចទាំងឡាយ      បែរជាស្លាប់កាយ
                                      ក្នុងចំណីវា                ៕
                                                     ជំនិតkវិជិតភក្តី
     គ.បរិយាកាស
        សម្រាប់រៀបរាប់អំពីសេចក្ដីទុក្ខ សោកស្ដាយស្រណោះ ដំណើររឿងមានចលនា និង សម្រាប់ការទូន្មាន។
២.បទព្រហ្មគិត
  ២.បទព្រហ្មគិត
                  ក.រង្វាស់កាព្យ
                      ១ល្បះ=៤ឃ្លា
                      ឃ្លា១ និង​ឃ្លា៣=៥ព្យាង្គ
                      ឃ្លា២ និង​ឃ្លា៤=៦ព្យាង្គ
                      *ចួនក្នុងវគ្គ   
      ព៥.ឃ១.វ១    ចួននឹង ព៣.ឃ២.វ១
      ព៦.ឃ២.វ១              ចួននឹង ព៥.ឃ៣.វ១
      ព៥.ឃ៣.វ១             ចួននឹង ព៣.ឃ៤.វ១
      *ចួនឆ្លងវគ្គ                  
      ព៦.ឃ៤.វ១              ចួននឹង ព៦.ឃ២.វ២
ខ. ចំណាប់ចួន
                    ឧ.     ព្រៃឈើប្រយោជន៍ច្រើន              គួរបង្កើនថែរក្សា
                   កុំកាប់កុំពុះអារ                        កុំប្រហារឲ្យអាស្រូវ   ។
                   ទុកគ្រាន់បានជម្រក                  សព្វសត្វជ្រកជាលំនៅ
                    បើកាប់ឈើអស់ទៅ                    តើសត្វត្រូវនៅបែបណា។
                                                                ជ.វិជិតភក្ដី   
                គ.បរិយាកាស
                    សម្រាប់ថ្លែងអំពីសេចក្ដីទុក្ខវេទនា សេចក្ដីខ្វល់ខ្វាយ និងសេចក្ដីតំអូញ។
៣.បទភុជង្គលីលា
 ៣.បទភុជង្គលីលា
        ក.រង្វាស់កាព្យ
           ១ល្បះ=៣ឃ្លា
           ឃ្លា១ =៦ព្យាង្គ
           ឃ្លា២ និង​ឃ្លា៣=៤ព្យាង្គ
   *ចួនក្នុងវគ្គ    
             ព៦.ឃ១.វ១           ចួននឹង ព៤.ឃ២.វ១
           *ចួនឆ្លងវគ្គ
             ព៤.ឃ៣.វ១          ចួននឹង ព៦.ឃ១.វ២
      ខ. ចំណាប់ចួន
            
          
           គ.បរិយាកាស
           ច្រើនប្រើសម្រាប់រៀបរាប់ទេសភាពក្នុងព្រៃ និងនិយាយពីការធ្វើដំណើរ។
        ឧ....  សង់ផ្ទះសំណាក់ស្នាក់នៅ      ចូលកូនសំដៅ        តែជិតសាលា។
                ជិតទឹកហើយនឹងជិតផ្សារ     ជិតអារាមា             គេហាបណ្ឌិត។
                មុនស្ដីនិយាយត្រូវគិត         ត្រូវប្រុងគំនិត        ប្រិតប្រៀងពិរោះ។...
                                                                             លុយ ជំនិត
 ៤.បទពុំនោល
៤.បទពុំនោល
      ក.រង្វាស់កាព្យ
            ១ល្បះ=៣ឃ្លា
            ឃ្លា១ និងទី៣ =៦ព្យាង្គ
            ឃ្លា២ =៤ព្យាង្គ
           *ចួនក្នុងវគ្គ     
                   ព៦.ឃ១.វ១              ចួននឹង ព៤.ឃ២.វ១
           *ចួនឆ្លងវគ្គ
                   ព៦.ឃ៣.វ១             ចួននឹង ព៦.ឃ១.វ២
       ខ. ចំណាប់ចួន
                
        
              ឧ.ឯងថាខ្លួនអញចង្រៃ        អាក្រក់ពេកក្រៃ       ចោលម្សៀតឥតមានគេថា។
               ចុះឯងនោះជានរណា       គន់មើលនេត្រា       ដូចជាចោលកាចសាមាន្យ។
               ថាគេអាក្រក់ឯងថ្កាន      នេះពិតកល្យាណ      ដូចពាក្យឯងថាដែរអី?
                                                                         ជ.វិជិតភក្ដី
        គ.បរិយាកាស
            សម្រាប់ប្រើរៀបរាប់ការឈ្លោះគ្នាពីចម្បាំង ពោលគឺរឿងមានចលនាក្ឌុងក្ឌាំង...។
៥.បទបន្ទោលកាក
៥.បទបន្ទោលកាក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
       ក.រង្វាស់កាព្យ
             ១ល្បះ=៤ឃ្លា
              ឃ្លា១ និង៣ =៤ព្យាង្គ
              ឃ្លា២និង៤ =៦ព្យាង្គ
    *ចួនក្នុងវគ្គ      
                   ព៤.ឃ១.វ១              ចួននឹង ព៤.ឃ២.វ១
                   ព៦.ឃ២.វ១              ចួននឹង ព២/ព៤.ឃ៤.វ១
             *ចួនឆ្លងវគ្គ
                   ព៦.ឃ៤.វ១              ចួននឹង ព៦.ឃ២.វ២
        ខ. ចំណាប់ចួន
                   
              
ឧ.     ហ្វូងពួកតារា              ច្រើនហួសដល់ត្រាពុំបាន
តែទាស់ឥតថ្កាន          ភ្លឺក្សាន្ដក្សេមតែពួកខ្លួន           ។
ចាញ់ដួងចន្ទ្រា            តែមួយអង្គាសមសួន
រស្មីមាំមួន                 ក្រអួនបំភ្លឺផែនដី                   ។
ឈើច្រើនពេញវ័ន        ក្លិនមិនសោភ័ណល្បាញល្បី
មិនឱ្យសេរី                សួស្ដីសុខសាន្ដស្រស់ល្អ           ។
ចាញ់ឈើក្រអូប          ក្លិនខ្លួនស្រង់ស្រូបបវរ
មួយដើមនោះក៏         លំអបានសព្វព្រៃភ្នំ                ។
រាប់រយនរៈ                រូបស្អាតល្អជាក់ចិត្ដធំ
មិនជួយសង្គម           រស់ជុំក្នុងភាពងងឹត                ។
ចាញ់ជនអ្នកប្រាជ្ញ      រុងរឿងអង់អាចអប់មិត្ដ
តែម្នាក់មែនពិត        ស្នេហ៍ស្និទ្ធិជួយអស់ជាតិសាសន៍។
                                                             ជ. វិជិតភក្ដី

គ.បរិយាកាស
         ច្រើនប្រើរៀបរាប់អំពីការឈ្លោះគ្នា មើលងាយ រិះគន់ ឆ្លើយឆ្លងគ្នាម៉ាំងទៅម៉ាំងមក។
៦.បទពាក្យ៤
៦.បទពាក្យ៤
     ក.រង្វាស់កាព្យ
         ១ល្បះ=៤ឃ្លា
         ១ឃ្លា=៤ព្យាង្គ
 *ចួនក្នុងវគ្គ     
                  ព៤.ឃ២.វ១ ចួននឹង  ព៤.ឃ៣.វ១
          *ចួនឆ្លងវគ្គ
                   ព៤.ឃ៤.វ១ ចួននឹង  ព៤.ឃ២.វ២
      ខ. ចំណាប់ចួន
                  
                    
                  ឧ. រៀមចង់ស្ទុះទៅ              ត្រកងរូបស្រី
                   បំបាំងពិសី                 ឲ្យក្លាយជាផ្សែង។
                   មិនឲ្យនរណា               មកថ្នមប្រឡែង
                   ទុកពៅជាផ្សែង           សម្រាប់បងមួយ។...

            គ.បរិយាកាស
         ច្រើនប្រើតែក្នុងចម្រៀងប្រជាប្រិយ ឬចម្រៀងប្រពៃណីប៉ុណ្ណោះ។
៧.បទពាក្យ៧ 
៧.បទពាក្យ៧
     ក.រង្វាស់កាព្យ
         ១ល្បះ=៤ឃ្លា
         ១ឃ្លា=៧ព្យាង្គ
 *ចួនក្នុងវគ្គ      
              ព៧.ឃ១.វ១   ចួននឹង  ព៤.ឃ២.វ១
              ព៧.ឃ២.វ១  ចួននឹង  ព៧.ឃ៣.វ១
              ព៧.ឃ៣.វ១  ចួននឹង  ព៤.ឃ៤.វ១
  *ចួនឆ្លងវគ្គ
               ព៧.ឃ៤.វ១   ចួននឹង  ព៧.ឃ២.វ២
       ខ. ចំណាប់ចួន
                   
               
                        ឧ.ដើរកាត់ព្យុះភ្លៀងគ្មានទីជ្រក      សូរ្យសែងចាំងមកក្រហមឆ្អៅ
                    ត្រាច់ជើងទទេគ្មានទិសដៅ        រុយរោមដំបៅធ្វើជាមិត្ត      ។
    ជួបអ្នកចិត្តល្អគេប្រណី              គ្រាន់បានចំណីហូបឆ្អែតពិត
    ជួបអ្នកកំណាញ់គ្មានគំនិត         គេស្តីដៀលឥតចិត្តមេត្តា   ។
                                                                   ជ.វិជិតភក្ដី
         គ.បរិយាកាស (ប្រើគ្រប់បរិយាកាស...)
 ៨.បទពាក្យ៨ 
៨.បទពាក្យ៨
            ក.រង្វាស់កាព្យ
                  ១ល្បះ=៤ឃ្លា
                  ១ឃ្លា=៨ព្យាង្គ
            . ចំណាប់ចួនៈ មានចំណាប់ចុងចួនបួនបែបគឺៈ
                 **ទី១៖
             *ចួនក្នុងវគ្គ    
                         ព៨.ឃ១.វ១              ចួននឹង ព៣.ឃ២.វ១                  
         ព៨.ឃ២.វ១             ចួននឹង ព៨.ឃ៣.វ១
         ព៨.ឃ៣.វ១             ចួននឹង ព៣.ឃ៤.វ១
             *ចួនឆ្លងវគ្គ
                         ព៨.ឃ៤.វ១              ចួននឹង ព៨.ឃ២.វ២
                                    
             
         **ទី២៖
             *ចួនក្នុងវគ្គ  
        ព៨.ឃ១.វ១              ចួននឹង ព៥.ឃ២.វ១
        ព៨.ឃ២.វ១             ចួននឹង ព៨.ឃ៣.វ១
        ព៨.ឃ៣.វ១             ចួននឹង ព៥.ឃ៤.វ១
            *ចួនឆ្លងវគ្គ
                        ព៨.ឃ៤.វ១              ចួននឹង ព៨.ឃ២.វ២
                                
             
     **ទី៣៖
        *ចួនក្នុងវគ្គ    
                    ព៨.ឃ១.វ១              ចួននឹង ព៣ និង ព៥.ឃ២.វ១
                    ព៨.ឃ២.វ១             ចួននឹង ព៨.ឃ៣.វ១
                    ព៨.ឃ៣.វ១             ចួននឹង ព៣ និង ព៥.ឃ៤.វ១
       *ចួនឆ្លងវគ្គ
                   ព៨.ឃ៤.វ១              ចួននឹង ព៨.ឃ២.វ២
                        
            
  **ទី៤៖
    (គេមិននិយមយកមកសរសេរជាកំណាព្យទេ  ភាគច្រើនគេ សរសេរជាបទ ចម្រៀង មិនគប្បីសរសេរ ជាកំណាព្យទេ)
     *ចួនក្នុងវគ្គ    
                  ព៨.ឃ១.វ១              ចួននឹង ព៤.ឃ២.វ១
                  ព៨.ឃ២.វ១             ចួននឹង ព៨.ឃ៣.វ១
  ព៨.ឃ៣.វ១             ចួននឹង ព៤.ឃ៤.វ១
    *ចួនឆ្លងវគ្គ
                  ព៨.ឃ៤.វ១              ចួននឹង ព៨.ឃ២.វ២
                       

            
         ឧ១. ឈើតូចខ្លះត្រូវរួញខ្លួនក្រញ៉ង់                មិនអាចនឹងតម្រង់ងើបងើយក
               ឈើតូចខ្លះទៀតមិនខ្ចីអង្វរ                  ខំប្រឹងប្រែងធ្វើសស៊ូដល់ស្លាប់   ។
               ឈើតូចខ្លះទៀតពូកែអែបអប              ចេះធ្វើខ្លួនរណបខ្លបចំណាប់
               ដើម្បីខ្លួនរស់ខ្ពស់មានគេស្ដាប់                ហ៊ានប្រល័យសម្លាប់កាប់មិត្ដខ្លួន។
                                                                   ជ.វិជិតភក្ដី
         ឧ២. ពូជអើយខ្ញុំខំកើតឆើតឆោមឆាយ         មានអើយកាយក្លាយខ្លៅខ្មៅស្រមោច
                រស់អើយរួបជួបជុំពុំដែលហោច              កម្មអើយបោចខ្លោចប្រាណបានអប្រិយ។
                ពូជអើយខ្ញុំចំជាពៀរមានជាប់​              រស់អើយធ្លាប់ជាប់ចិត្តឥតប្រណី
                        ពូជអើយឯងក្លែងក្បត់អត់ភក្តី             ឲ្យអើយដីត្រីវេរគេរក្សា។
                                                                  ជ.វិជិតភក្ដី
គ.បរិយាកាស (ប្រើគ្រប់បរិយាកាស...)

៩.បទពាក្យ៩ 
៩.បទពាក្យ៩
      ក.រង្វាស់កាព្យ
            ១ល្បះ=៤ឃ្លា
            ១ឃ្លា=៩ព្យាង្គ
    *ចួនក្នុងវគ្គ    
                   ព៩.ឃ១.វ១              ចួននឹង ព៣ ឬ ព៦.ឃ២.វ១
                   ព៩.ឃ២.វ១              ចួននឹង ព៩.ឃ៣.វ១
   ព៩.ឃ៣.វ១             ចួននឹង ព៣ ឬ ព៦.ឃ៤.វ១
    *ចួនឆ្លងវគ្គ
                   ព៩.ឃ៤.វ១              ចួននឹង ព៩.ឃ២.វ២
       ខ. ចំណាប់ចួន
                       
             
         ឧ. ​ពេលមានម៉ែ​           រស់នៅក្បែរ               ថ្នមបមបី
                      កូនប្រុសស្រី            ធ្វើអ្វីៗ                     ម៉ែការពារ
                      រស់មានភ័ព្វ            ថ្លាជីវិត                    ថ្លៃសោភា
                      បាត់រងា                បាត់កំព្រា                 បាត់សោកសៅ។
                      បាត់ស្រេកឃ្លាន       បាត់ទឹកភ្នែក             បាត់ទុក្ខា
                      បាត់ហឹសា              បាត់កោងកាច          បាត់ល្ងង់ខ្លៅ
                      ព្រោះមានម៉ែ          រស់នៅក្បែរ               ស្តីប្រដៅ
                      ឲ្យឆោមឆ្លៅ            ពៅកូនម៉ែ                ក្សាន្តជីវី         ។
                      ពេលមានម៉ែ          រស់នៅក្បែរ               ដូចថ្នាំប៉ូវ
                      គ្មានសត្រូវ             រារាំងផ្លូវ                   បាំងភូមី
                      កម្លាំងម៉ែ              តាមជួយកូន             គ្រប់នាទី
                      ត្រាសោភី               ត្រឹមល្អល្អះ                 ឈ្នះគ្រប់ឋាន។
                      ពេលមានម៉ែ           រស់នៅក្បែរ               ហាក់សង្ឃឹម
                      ម៉ែប្រៀបផ្ទឹម          មហាពេទ្យ                 កូនកល្យាណ
                      ព្យាបាលរោគ          ដោយដួងចិត្ត             វិសេសថ្កាន
                      ឥតប្រៀបបាន        មហាគុណ                  អ្នកម៉ែឡើយ៕
                                                                  ជ.វិជិតភក្ដី
        
     គ.បរិយាកាស
                      ប្រើសម្រាប់បញ្ចេញវូវមនោសញ្ចេតនា ឆ្លើយឆ្លងលែបខាយ ស្ដីបន្ទោស ឬនិយាយ គំហក...។

No comments:

Post a Comment